រដ្ឋមន្ត្រី ហួត ហាក់ ទទួលជួបពិភាក្សាការងារជាមួយ ប្រធាននាយកប្រតិបត្តិ ធនាគារអេស៊ីលីដា លើការងារផ្តល់សេវាកម្មឌីជីថលរបស់ធនាគារដើម្បីសម្រួលវិស័យទេសចរណ៍
ជីវិតនិងសង្គម
មើល 13 |
ចែករំលែក 0
(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ បានអនុញ្ញាតឲ្យលោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី និងសហការី អញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពី កិច្ចសហប្រតិបត្តិការលើការផ្តល់សេវាកម្មឌីជីថលរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី។
កិច្ចសហប្រតិបត្តិការលើការផ្តល់សេវាកម្មឌីជីថលនេះ ដើម្បីសម្រួសដល់ការបង់ថ្លៃ ការស្នើសុំអាជ្ញាប័ណ្ណទេសចរណ៍តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន និងសេវាផ្សេងៗ ដែលពាក់ព័ន្ធក្រៅពីអាជ្ញាប័ណ្ណទេសចរណ៍ ព្រមទាំងពិនិត្យលទ្ធភាពក្នុងការគាំទ្រវិស័យទេសចរណ៍តាមរយៈការផ្តល់កម្ចីសម្រាប់ជួយដល់វិស័យទេសចរណ៍ សណ្ឋាគារ។
ជាពិសេស នៅតំបន់ក្នុងគម្រោងយុទ្ធសាស្រ្តផែនការមេរបស់រដ្ឋាភិបាល រួមមាន៖ សៀមរាប ក្រុងព្រះសីហនុ កែប មណ្ឌលគីរី ព្រមទាំងកិច្ចសហការចំពោះសហគមន៍ទេសចរណ៍ ដែលមានការលក់ដូរផ្សេងៗឲ្យមានការប្រើប្រាស់ KHQR របស់ធនាគារ នឹងមានផ្តល់កម្ចី (Merchant OD សំដៅដល់កម្ចី) សម្រាប់ធ្វើអាជីវកម្មផងដែរ។
ជាលទ្ធផលនៃកិច្ចជំនួបដ៏មានសារៈសំខាន់នេះ លោករដ្ឋមន្ត្រី ហួត ហាក់ បានលើកឡើងថា ប្រតិបត្តិតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ ក្នុងពិធីបើកជាផ្លូវការនូវព្រឹត្តិការណ៍បុណ្យទន្លេលើកទី៩ នៅខេត្តតាកែវ លោករដ្ឋមន្ត្រីបានឲ្យធនាគារសិក្សាលទ្ធភាពក្នុងការផ្តល់កម្ចីក្នុងអត្រាសមរម្យសម្រាប់ជួយដល់សហគមន៍ទេសចរណ៍ និងបានឲ្យធនាគារជួយផ្សព្វផ្សាយតំបន់សក្តានុពលទេសចរណ៍កម្ពុជាក្នុង Website ACLEDA និង App របស់ ធនាគាររបស់ ACLEDA។
តួយ៉ាងប្រសិនបើមានដំណើរទស្សនកិច្ចប្រចាំឆ្នាំរបស់ធនាគារ ឬដំណើរកម្សាន្តផ្សេងៗ ស្នើឲ្យធនាគារធ្វើដំណើរកម្សាន្តទៅកាន់សហគមន៍ទេសចរណ៍ ដូចជា៖ ខ្នងផ្សារ, កំពង់ភ្លុក ព្រមទាំងស្នើសុំឲ្យមាននៅក្នុង រដូវកាលបៃតង (Green Season) ផងដែរ៕